ប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធ

ប្រទេសឥណ្ឌា កាលមុន ពុទ្ធសម័យ ហៅថា ជម្ពូទ្វីប។ ប្រទេសឥណ្ឌា ចែកចេញ ជាច្រើន ព្រះរាជាណាចក្រ ទាំងតូច ទាំងធំ ក្នុងនោះ ព្រះរាជាណាចក្រខ្លះ គ្រប់គ្រង ដោយព្រះមហាក្សត្រ ខ្លះទៀត គ្រប់គ្រង ដោយពួកព្រះរាជ កុលសម្ព័ន្ធ ផ្សេងៗ។ មានព្រះរាជាណាចក្រ តូចមួយ ក្នុងចំណោម រាជាណាចក្រ ទាំងឡាយ ឈ្មោះ កបិលវត្ថុ ដែលមាន ទីតាំង នៅត្រើយ ខាងជើង នៃទន្លេ រាប្តិ នៅជាប់ជើងភ្នំ ហេមពាន្ត។ ព្រះរាជានៃ ព្រះរាជាណាចក្រនេះ ព្រះនាម ព្រះបាទ សុទ្ធោទនៈ ក្នុងសក្យវង្ស មានអគ្គមហេសី ព្រះនាម មហាមាយា។ ពេលព្រះនាង មានគភ៌គ្រប់ខែ ក៏បានសុំ ការអនុញ្ញាត អំពីព្រះស្វាមី ដើម្បីប្រសូត្រ នៅនគរខាង មាតាបិតា របស់ព្រះនាង ។ ព្រះបាទ សុទ្ធោទនៈ ក៏បានអនុញ្ញាត អោយទៅ ដោយចាត់ សេនា ការពារ ហែរហម ជាច្រើន ។ លុះធ្វើដំណើរដល់ ឧទ្យាន លុម្ពិនី ស្រាប់តែ ព្រះនាង ទ្រង់ព្រះឈួន ព្រះឧទរ ហើយក៏បាន ប្រសូត្រ ព្រះរាជកុមារ នៅទីនោះ ដែលស្ថិតក្នុង ថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំច ។ មានតាបសម្នាក់ ឈ្មោះ អសិត ពេលដឹងថា ព្រះរាជកុមារ ប្រសូត្រហើយ ក៏និមន្តមក ដើម្បីទស្សន៍ទាយ លក្ខណៈ របស់ព្រះរាជកុមារ ។ នៅពេលបានឃើញ ព្រះភ័ក្ត្រ របស់ព្រះរាជកុមារ ភ្លាម តាបសក៏ដឹងថា ព្រះរាជកុមារនេះ មានព្រះភ័ក្ត្រ ពេញដោយ បុណ្យបារមី ដ៏អស្ចារ្យ ។ តាបស មានការ រំជួលចិត្ត យ៉ាងខ្លាំង ហើយក៏ញញឹម បន្ទាប់មក បែរជាយំ ទៅវិញ ។ ព្រះបាទ សុទ្ធោទនៈ ទ្រង់សួរ ទៅតាបសថា ហេតុអ្វីបានជា លោកយំ? តាបស ក៏ទូលថា ព្រះរាជកុមារនេះ នឹងបានសម្រេច នូវការត្រាស់ដឹង ជាក់ជាពុំខាន ។ ហេតុនេះហើយ បានជាខ្ញុំយំ ពីព្រោះ មិនបានទាន់ ការត្រាស់ដឹង របស់ព្រះអង្គ ។ បន្ទាប់មក គាត់លុតជង្គង់ ថ្វាយបង្គំ ព្រះរាជកុមារ ហើយព្រះបាទ សុទ្ធោទនៈ ក៏ថ្វាយបង្គំ តាមតាបសដែរ ។ ព្រះរាជកុមារ ប្រសូត្របាន ៥ថ្ងៃ ព្រះបាទ សុទ្ធោទនៈ បានអញ្ជើញ ព្រាហ្មណ៍ព្រឹទ្ធ បណ្ឌិតហោរា មកប្រជុំគ្នា ក្នុងសាលវិនិច្ឆ័យ ។ ហើយក៏បាន ដាក់ព្រះនាម អោយព្រះអង្គថា ព្រះសិទ្ធត្ថ មានន័យថា អ្នកសម្រេច រាល់បំណង ទាំងឡាយ ។  ក្រោយពេល ពិធីថ្វាយ ព្រះនាម ព្រះរាជកុមារ ពីរថ្ងៃ ព្រះនាង មហាមាយារាជទេវី ក៏ទ្រង់ សោយទីវង្គត ដោយព្រះរោគាពាធ ។ បន្ទាប់ពីព្រះនាង មហាមាយាទេវី សោយទីវង្គតទៅ ។ ព្រះបាទ សុទ្ធោទនៈ ទ្រង់តែងតាំង ស្រីស្នំ ម្នាក់ទៀត គឺព្រះនាង មហាបជាបតិ ដែលជា ព្រះមាតុច្ឆា (ម្តាយមី) របស់ ព្រះរាជកុមារ មានភារកិច្ច ក្នុងការចិញ្ចឹម បីបាច់ ព្រះអង្គម្ចាស់ ។  លុះដល់ព្រះអង្គ មានព្រះជន្ម ១៦ព្រះវស្សា ព្រះបិតា ក៏ទ្រង់ រៀបអភិសេក ជាមួយព្រះនាង ពិម្ពាយសោធរា ។ រៀងរាល់ ខែម្តង ព្រះអង្គ តែងតែ យាងទៅក្រសាល នៅឧទ្យានមួយ ពេលនោះ បានឃើញ ទេវទូត ទាំង ដែលទេវតា និម្មិត មានជា មនុស្សចាស់ , មនុស្សឈឺ , មនុស្សស្លាប់ និង ចុងក្រោយ ភេទជាអ្នកបួស ។ ពេលបានជួប នូវទេវទូត ម្តងៗ ព្រះអង្គតែងតែ សួរទៅ រាជអាមាត្យថា នោះជាអ្វី ។ ពីព្រោះ ក្រោយពេល ព្រហ្មណ៍ ទាំង មកទស្សន៍ទាយ ថាព្រះអង្គ នឹងបានត្រាស់ដឹង ដោយសារហេតុ ទាំងនេះ ពេលនោះ ព្រះបាទ សុទ្ធោទនៈ ក៏អោយគេសង់ ប្រាសាទបី ត្រូវទៅតាម រដូវទាំងបី ហើយហាម មិនអោយ មនុសចាស់ , មនុស្សឈឺ , មនុស្សស្លាប់ និង ភេទជាអ្នកបួស ទៅក្បែរបា្រសាទ នោះឡើយ ។ ពេលនោះ រាជអាមាត្យ ក៏បានប្រាប់ តាមលំដាប់លំដោយ ថានេះ មនុសចាស់ , មនុស្សឈឺ , មនុស្សស្លាប់ និង នេះជាភេទ នៃអ្នកបួស ។ បន្ទាប់មក ព្រះអង្គ ក៏សួរទៅ រាជអាមាត្យទៀតថា អ្វីទៅ ភេទជាអ្នកបួស ។ អាមាត្យ ក៏ទូលទៅថា មានតែភេទនេះហើយ ដែលអាច ធ្វើអោយមនុស្ស ឆ្លងផុត ពីសេចក្តីទុក្ខបាន គឺជាភេទ ដែលអាច ស្វែងរកនូវ ព្រះនិព្វានបាន ។ ពេលមកដល់ ព្រះរាជវាំង ព្រះអង្គ មានការពិចារណា យ៉ាងល្អិតល្អន់ ហើយក៏សម្រេចព្រះទ័យ ចេញពីព្រះរាជវាំង ទាំងយប់ ចោលអគ្គមហេសី និង ព្រះរាជបុត្រ ដែលទើបតែ ប្រសូត្រ ថ្ងៃនោះ ដើម្បីទៅ សាងព្រះភ្នួស ។ នៅពេលនោះ ព្រះមានព្រះជន្ម ២៩ព្រះវស្សា ។ ចាប់តាំងពី ព្រះអង្គ ចេញសាងព្រះភ្នួស ព្រះអង្គ តែងតែ ប្រតិបត្តិ យ៉ាងតឹងរ៉ឹងបំផុត មានការអត់អាហារ បន្តិចម្តងៗ រហូតគ្មានឆាន់ (បរិភោគ) ទាល់តែសោះ ក្នុងរយៈពេល ព្រះវស្សាគត់ ។ ហើយក៏ត្រឡប់មក ឆាន់អាហារវិញ ទើបបានត្រាស់ នូវសច្ចៈធម៌ នៅក្នុង ថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំរការ ។ ក្នុងរយៈពេល ដែលព្រះអង្គ បានត្រាស់ដឹង ជាព្រះពុទ្ធ ៤៥ព្រះវស្សា (ឆ្នាំ) ព្រះអង្គ បានប្រោសសត្វ ទាំងឡាយ ទាំងពួង អោយរួចចាកសេចក្តីទុក្ខ អស់ជាច្រើន ម៉ឺននាក់ ។ មុនពេល ព្រះអង្គ បរិនិព្វាន (ស្លាប់) ៣ខែ ព្រះអង្គ បានដាក់ អាយុសង្ខា របស់ព្រះអង្គ ថានៅពេល ខែទៀត តថាគត នឹងចូលនិព្វានហើយ ហេតុនេះហើយ សូមអ្នកទាំងគ្នា គួរតែបំពេញ ឬ ប្រតិបត្តិ  នូវកុសល(សេចក្តីល្អ) ទាំងឡាយ របស់ខ្លួន អោយបានបរិបូរ ។ កុសលដែល មិនទាន់បានបំពេញ គួរតែខំបំពេញ ឬ ប្រតិបត្តិ  អោយបាន ប្រសើបំផុត ។ ព្រោះថា មានតែកុសល នេះហើយ ដែលអាចអោយ មនុស្សយើង ឆ្លងផុត អំពីសេចក្តីទុក្ខបាន ។ ព្រះអង្គ ទ្រង់ត្រាស់ នៅចំពោះមុខ ភិក្ខុទាំងឡាយ ២៥០០អង្គ ដែលនិមន្តមក ពីគ្រប់ទិសទី ដែលមិនមាន អ្នកម្នាក់ទៅនិមន្តឡើយ នៅក្នុង ថ្ងៃពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់ ។ លុះក្រោយមក ៣ខែ ព្រះអង្គ ក៏ចូលនិព្វាន នៅក្នុង ថ្ងៃអង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ នៅក្នុងព្រះជន្ម ៨០ព្រះវស្សា ។

ព្រះពុទ្ធសាសនា ចាប់រាប់ តាំងពី ព្រះអង្គ បរិនិព្វាន ទៅបានមួយថ្ងៃ ។ ហើយបរិស័ទ របស់ព្រះអង្គ តែងតែ មានការប្រារព្ធ ពិធីបុណ្យ មាឃបូជា និង វិសាខបូជា ជារៀងរាល់ឆ្នាំ ។ ពីព្រោះចង់រំលឹក ដល់ថ្ងៃ ដែលព្រះអង្គ ប្រសូត្រ , ត្រាស់ដឹង , ដាក់អាយុសង្ខា និង ថ្ងៃដែលព្រះអង្គ បរិនិព្វាន។


 
 
 
 
 
Copyright ©:2010 - 2014
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈ ទូរស័ព្ទលេខៈ (+855) 12 65 14 17 / 15 32 81 59 !
អ៊ីមែលៈ info@kbnsp.com វ៉ែបសាយៈ www.kbnsp.com
Download: Khmer Unicode / Email / Login